Black Friday គឺជាឈ្មោះក្រៅផ្លូវការមួយសម្រាប់ថ្ងៃសុក្រ បន្ទាប់ពីថ្ងៃ “Thanksgiving Day” នៅសហរដ្ឋអាមេរិក ដែលត្រូវបានប្រារព្ធនៅថ្ងៃព្រហស្បតិ៍ទី៤ នៃខែវិច្ឆិកា។ ចំពោះឆ្នាំនេះវាត្រូវនឹងថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្ងៃបន្ទាប់ពីថ្ងៃ “Thanksgiving” ត្រូវបានគេចាត់ទុកថាជាការចាប់ផ្តើមនៃរដូវទិញទំនិញបុណ្យណូអែលរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ១៩៥២ មក។ ពាក្យថា “Black Friday” មិនត្រូវបានគេប្រើទូលំទូលាយឡើយ រហូតដល់ទសវត្សថ្មីៗនេះ។
ហាងជាច្រើនផ្តល់ជូននូវការលក់បែប Promotion នៅថ្ងៃ Black Friday នេះហើយក៏បើកទ្វាហាងលឿនជាងធម្មតាដែរ ដោយខ្លះបើកចាប់ពីពាក់កណ្តាលអធ្រាត្រ ឬក៏អាចចាប់ផ្តើមលក់នៅថ្ងៃ Thanksgiving ក៏មានដែរ។ Black Friday មិនមែនជាថ្ងៃឈប់សម្រាកផ្លូវការទេ ប៉ុន្តែរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀតចាត់ទុកវាជា “The Day After Thanksgiving” និងជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិករដ្ឋាភិបាល។
Black Friday ជាទូទៅជាថ្ងៃដែលបង្កើនចំនួនអ្នកទិញឥវ៉ាន់ដ៏ខ្លាំងក្លាបំផុត។ ជាក់ស្តែង Black Fridayគឺជាថ្ងៃដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០០៥ មក។
ទោះជាយ៉ាងណា នៅឆ្នាំ ២០១៤ បរិមាណចំណាយនៅថ្ងៃ Black Friday បានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ មក។ ទឹកប្រាក់ចំនួន ៥០,៩ ពាន់លានដុល្លារ ត្រូវបានចំណាយក្នុងអំឡុងពេលថ្ងៃចុងសប្តាហ៍ Black Friday ចំនួន ៤ ថ្ងៃ គឺធ្លាក់ចុះ ១១ ភាគរយ បើធៀបនឹងឆ្នាំ២០១៣។
គួរឲ្យដឹងដែរថា ភ័ស្តុតាងដំបូងបង្អស់នៃឃ្លា “Black Friday” មានដើមកំណើតនៅទីក្រុង Philadelphia កាលពីឆ្នាំ ១៩៦១ ដោយវាត្រូវបានប្រើដោយប៉ូលីស ដើម្បីពិពណ៌នាអំពីចរាចរណ៍អ្នកថ្មើរជើង និងយានយន្តកកកុញខ្លាំងបំផុត ដែលកើតឡើងនៅថ្ងៃបន្ទាប់ពី Thanksgiving។
យ៉ាងណាមិញ នៅពេលឃ្លាមួយនេះកាន់តែរីករាលដាល វាក៏ត្រូវគេចាត់ទុកថាជាថ្ងៃតំណាងឲ្យចំណុចមួយក្នុងឆ្នាំ នៅពេលដែលអ្នកលក់រាយចាប់ផ្តើមរកប្រាក់ចំណេញ៕