ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Elon Musk បានកើនឡើង ១៥ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Tesla ទទួលបានចំណែកនៅក្នុងសន្ទស្សន៍ទីផ្សារ S&P 500 Index កាលពីថ្ងៃច័ន្ទ។
ឥឡូវនេះលោកបានក្លាយទៅជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត លំដាប់ទី ៣ លោកពិភពលោក ក្រោយវ៉ាដាច់លោក Mark Zuckerberg ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសុទ្ធត្រឹម ១០៦ ពាន់លានដុល្លារ។
បន្ទាប់ពីការដាក់បញ្ចូលរបស់ក្រុមហ៊ុន Tesla នៅក្នុងសន្ទស្សន៍ទីផ្សារខាងលើ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកនេះ បានកើនឡើង ១៤% នៅក្នុងការជួញដូរ “after-hours trading” និងបានបិទនៅតម្លៃ ៤០៨,០៩ ដុល្លារក្នុងមួយហ៊ុន។
គួរឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានកើនដល់ ១១៧,៥ ពាន់លានដុល្លារគិតត្រឹមល្ងាចថ្ងៃច័ន្ទ។ នេះបើយោងតាមគេហទំព័រ Bloomberg Billionaires Index។ ប្រាក់ចំណេញសរុបរបស់លោកចំនួន ៩០ ពាន់លានដុល្លារនៅឆ្នាំនេះ គឺខ្ពស់ជាងគេក្នុងចំណោមបញ្ជីមហាសេដ្ឋីទាំង ៥០០ នាក់៕