ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan Co បានដាក់ពាក្យក្ស័យធនទៅកាន់តុលាការក្រុងតូក្យូ បន្ទាប់ពីបានប្រកាសកាលពីខែមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបានបំផ្លាញដល់ការធ្វើដំណើរទូទាំងពិភពលោក។
ទោះជាយ៉ាងណា ជើងហោះហើររវាងប្រទេសជប៉ុន និងទិសដៅដូចជាទីក្រុងបាងកក នឹងបន្តប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ផ្សេងទៀត។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានរាយការណ៍ពីការខាតបង់ធំបំផុតរបស់ខ្លួននៅលើកំណត់ត្រាក្នុងត្រីមាសទី ២ នោះ បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងនៅឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ១៩ បានបញ្ឈប់ឧស្សាហកម្មអាកាសចរណ៍។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយខ្លះបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ និងព្យាយាមរិះរកមូលនិធិសម្រាប់ការរស់រាន។ ក្រុមហ៊ុនខ្លះទៀតនៅសល់តែដង្ហើមចង្រិត ខណៈមួយចំនួនទៀតបានចាកចេញពីអាជីវកម្មនេះតែម្តង។
គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានបញ្ឈប់ការផ្តល់មូលនិធិដល់សម្ព័ន្ធរបស់ខ្លួននៅឥណ្ឌាផងដែរ ដែលធ្វើឲ្យអនាគតក្រុមហ៊ុន AirAsia India Ltd ពឹងផ្អែកយ៉ាងធំធេងទៅលើម្ចាស់ភាគហ៊ុន គឺក្រុមហ៊ុន Tata Group។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានលុបចោលជើងហោះហើរទាំងអស់ រួមទាំងជើងហោះហើររវាង Nagoya និង Taipei ផងដែរ។ យ៉ាងណា សេវាកម្មដែលដំណើរការទៅប្រទេសជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតរបស់ AirAsia ដូចជានៅក្នុងប្រទេសថៃ និងហ្វីលីពីន នឹងមិនរងផលប៉ះពាល់ឡើយ។
អតិថិជនដែលបានកក់ជើងហោះហើរ AirAsia Japan អាចដាក់ពាក្យសុំការសងប្រាក់វិញ ដែលគួរតែចាប់ផ្តើមពីខែមេសាឆ្នាំក្រោយ ឬពួកគេនឹងទទួលបានឥណទាន ដែលអាចប្រើបាននៅលើជើងហោះហើរផ្សេងទៀតដែលដំណើរការដោយ AirAsia៕