បន្ទាប់ពីឃើងសក្តានុពលរបស់ប្រទេសចិននៅក្នុងវិស័យអាកាសចរណ៍ ក៏ដូចជាការបញ្ជាទិញនូវយន្តហោះប្រភេទ C909 regional របស់កម្ពុជា ពេលនេះ ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានប្រកាសគ្រោងនឹងទិញយកនូវយន្តហោះប្រភេទ Comac C919 របស់ប្រទេសចិនផងដែរ ដោយក្នុងនោះកំពុងស្ថិតនៅក្នុងការចរចា។
ក្នុងនោះ ប្រសិនបើកិច្ចព្រមព្រៀងនេះបានបញ្ចប់ដោយជោគជ័យ នោះ ក្រុមហ៊ុន AirAsia របស់ប្រទេសម៉ាឡេស៊ី នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេក្រៅពីក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនដែលប្រើប្រាស់នូវយន្តហោះ C919 របស់ក្រុមហ៊ុន Commercial Aircraft Corporation of China (Comac) ។ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ យន្តហោះ Comac C919 នេះ គឺត្រូវបានប្រើប្រាស់សម្រាប់តែក្រុមហ៊ុនក្នុងស្រុកដូចជា China Eastern Airlines, Air China និង Tibet Airlines ប៉ុណ្ណោះ។
បើនិយាយពីលក្ខណៈពិសេសរបស់យន្តហោះ Comac C919 របស់ប្រទេសចិននេះវិញ គឺត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះ Airbus A320 និង Boeing 737 ដែលជាយន្តហោះពាណិជ្ជកម្មមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក ហើយវាគឺមានកន្លែងអង្គុយរហូតដល់ 158 –174 និងចម្ងាយបើកបរប្រហែល 4,075–5,555 គីឡូម៉ែត្រឯណ្ណោះ (អាស្រ័យលើជម្រើស)។
គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការចង់ទិញយកនូវយន្តហោះ Comac C919 របស់ប្រទេសចិនរបស់ប្រទេសម៉ាឡេស៊ីនេះ គឺដើម្បីបំពេញតម្រូវការយ៉ាងច្រើនក្នុងវិស័យអាកាសចរណ៍របស់ខ្លួន ក៏ដូចជាវិស័យអាកាសចរណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង 700 លាននាក់។ ជាពិសេស គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសខ្លួន និងប្រទេសចិន នេះបើយោងតាមសម្តីរបស់លោក Tony Fernandes នាយកប្រតិបត្តិនៃ Capital A (ក្រុមហ៊ុនមេរបស់ AirAsia) ។
ជាមួយគ្នានេះ ក្រៅពីការចរចាទិញយកនូវយន្តហោះ Comac C919 របស់ក្រុមហ៊ុន AirAsia, ក្រុមហ៊ុន Malaysia Airlines ទៀតសោត ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញយកនូវយន្តហោះ C909, C919 និង C929 របស់ COMAC ផងដែរ ខណៈចំនួន និងតម្លៃវិញ មិនត្រូវបានបង្ហាញនោះឡើយ៕