Starbucks ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ ដោយលោក Gerald Baldwin, Gordon Bowker, និង Zev Siegl។

ចាប់ផ្តើមដំបូង ក្នុងនាមជាហាងលក់គ្រាប់កាហ្វេ និងឧបករណ៍កាហ្វេតែប៉ុណ្ណោះ ជាមួយនឹងប្រាក់ដើមទុន $១,៣៥០ រួមទាំងខ្ចីពីធនាគារ $៥,០០០ ដើម្បីបោះទុនបើកហាងមួយកន្លែង ដែលមានទំហំ ១,០០០ ហ្វីតការ៉េនៅផ្សារ Pike Place ជាតំបន់ប្រវត្តិសាស្ត្រប្រចាំទីក្រុង Seattle។

តើ Starbucks អាចនៅតែជាហាងលក់ត្រឹមតែគ្រាប់កាហ្វេ បើសិនជាគ្មានវត្តមានលោក Howard Schultz? នៅឆ្នាំ ១៩៨២ លោក Howard Schultz បានចូលរួមជាម្ចាស់ភាគហ៊ុនជាមួយនឹង Starbucks។ ប៉ុន្តែមិនបានប៉ុន្មានក៏ចាកចេញវិញ ព្រោះតែការខ្វែងគំនិតគ្នា។ រហូតនៅក្នុងឆ្នាំ ១៩៨៧ លោកត្រឡប់មកវិញ ដោយបានទិញម៉ាកយីហោ Starbucks ក្នុងតម្លៃ $៣.៨ លានដុល្លារ។

លោក Howard ជាអ្នកកែប្រែ និងបង្កើត Starbucks ម្តងទៀត ឲ្យលើសពីហាងដែលលក់ត្រឹមតែគ្រាប់កាហ្វេ។ គោលបំណងលោកគឺ នាំយកនូវបទពិសោធន៍ថ្មីៗ ដើម្បីឲ្យ Starbucks ក្លាយជាកន្លែងមនុស្សអាចជួបជុំគ្នា សម្រាកលំហែកាយ និងរីករាយជាមួយបទពិសោធន៍កាហ្វេដ៏ប្រណិត។ ជាក់ស្តែង លោកជាចំណែកដ៏សំខាន់មួយ ដែលបានផ្លាស់ប្តូរ Starbucks ពីហាងត្រឹមតែ ១១ កន្លែងមកក្លាយជាហាងកាហ្វេចំនួនជាង ៤០,០០០ កន្លែងទូទាំងពិភពលោកមានវត្តមាននៅក្នុង ៨០ ប្រទេស។

គន្លឹះដ៏សំខាន់មួយសម្រាប់ភាពជោគជ័យរបស់ Starbucks គឺការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការច្នៃនិងស្វែងរកអ្វីដែលថ្មីដល់អតិថិជនខ្លួនដូចជា ការនាំមកនូវកម្មវិធី Starbucks Rewards សម្រាប់អតិថិជនក្នុងការគាំទ្រកន្លងមក និងការអភិវិវឌ្ឍរសជាតិភេសជ្ជៈជាបន្តបន្ទាប់ដើម្បីបំពេញតាមចំណូលចិត្តរបស់អតិថិជន។

ដំណើរការអាជីវកម្មរបស់ Starbucks បានបង្ហាញឲ្យឃើញថា ក្នុងកាលៈទេសៈខ្លះយើងមិនអាចធ្វើរឿងដដែលៗរហូតទេ ត្រូវមានការផ្លាស់ប្តូរខ្លះទើបបាន។ បើក្នុងការធ្វើអាជីវកម្ម រឹតតែត្រូវមានគំនិតដែលថ្មីមុនគេ រៀនសង្កេតពីមជ្ឍដ្ឋានខាងក្រៅខ្លះទើបដើរទាន់ជាមួយសង្គមសព្វថ្ងៃ។




