Taobao ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៣ ដោយ Alibaba Group ដែលមានលោក Jack Ma ជាស្ថាបនិក។ បច្ចុប្បន្ននេះ Taobao ត្រូវបានគ្រប់គ្រងដោយលោក Eddie Yongming Wu ដែលទើបឡើងដំណែងជា CEO នៅខែធ្នូចុងឆ្នាំ ២០២៣។

ការបង្កើត Taobao ឡើងជាគំនិតផ្តួចផ្តើមរបស់លោក Jack Ma ដែលបានមើលឃើញកំណើននៃការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណែត និងការខ្វះខាតកម្មវិធីទិញទំនិញអនឡាញ។ ដូច្នេះហើយ ទើបបង្កើត Taobao ឡើងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកលក់ និងអ្នកប្រើប្រាស់ ជាមួយទំនិញរាប់លានមុខក្នុងតម្លៃសមរម្យមួយ។

Taobao បានក្លាយជាដៃគូប្រកួតប្រជែងដ៏ធំមួយរបស់ ebay ជាផ្សារទំនិញអនឡាញរបស់អាមេរិក ដែលបានកាន់កាប់ចំណែកទីផ្សារអនឡាញដ៏ពេញនិយមនៅប្រទេសចិនរួចទៅហើយ។ ប៉ុន្តែនៅចុងឆ្នាំ ២០០៦ ebay បានប្រកាសចាកចេញ និងបិទវេបសាយខ្លួននៅប្រទេសចិន ក្រោមហេតុផលមិនអាចប្រកួតទីផ្សារជាមួយ Taobao តទៅទៀត។

ចំណុចដែលធ្វើឲ្យ Taobao ទទួលបានប្រជាប្រិយភាព និងអ្នកប្រើប្រាស់ច្រើននោះគឺ ជាកម្មវិធីមួយដែលលើកតម្កើងអាជីវករក្នុងស្រុក ជាមួយនឹងការផ្តល់ជូនលក្ខខណ្ឌពិសេស ការដាក់លក់មិនគិតកម្រៃជើងសារ។ ចំណែកអ្នកប្រើប្រាស់ក៏ងាយស្រួលក្នុងការទិញទំនិញ ព្រោះអ្នកលក់ អ្នកទិញអាចប្រាស្រ័យទាក់ទងគ្នាបាន។ ចំណុចពិសេសមួយទៀតគឺ កត្តាតម្លៃ និងទំនិញរាប់លានមុខ បូករួមនឹងវិធីបង់ប្រាក់ដែលងាយស្រួល និងមានសុវត្ថិភាព ទើធ្វើឲ្យ Taobao ទទួលបានការគាំទ្រដល់សព្វថ្ងៃ។

ការបង្កើត Taobao ឡើង គឺជាជោគជ័យដ៏ធំមួយរបស់ Alibaba Group។ យើងអាចសន្និដ្ឋានបានថា នេះមិនត្រឹមតែជាអាជីវកម្មនោះទេ តែជាដំណោះស្រាយ ដើម្បីបំពេញចន្លោះខ្វះខាតដែលជាតម្រូវការដ៏ចាំបាច់មួយ។ សព្វថ្ងៃនេះ មានកំណើនអ្នកប្រើប្រាស់កើនឡើងរហូតមានចំនួនប្រមាណ ៩០០លាននាក់ ទៅ ១ពាន់លាននាក់ រួមទាំងក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ល្បីល្បាញ និងពេញនិយមមួយនាពេលបច្ចុប្បន្ន។




