យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Shell នឹងបញ្ចប់ការបណ្តាក់ទុនរួមគ្នាទាំងអស់ ជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
ការផ្លាស់ប្តូរនេះនឹងរួមបញ្ចូលភាគហ៊ុន ២៧,៥% របស់ក្រុមហ៊ុនប្រេងដ៏ធំ Shell នៅក្នុងរោងចក្រឧស្ម័នធម្មជាតិរាវដ៏សំខាន់មួយ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell លោក Ben van Beurden បាននិយាយថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថា Shell បានធ្វើតាមការផ្លាស់ប្តូរស្រដៀងគ្នា ដោយក្រុមហ៊ុន BP ដែលត្រូវដកភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី។ Shell នឹងចាកចេញពីរោងចក្រ Sakhalin II ដែលជាកម្មសិទ្ធិ ៥០% និងដំណើរការដោយ Gazprom ។
មិនតែប៉ុណ្ណោះ Shell ក៏នឹងលក់ភាគហ៊ុន ៥០% របស់ខ្លួន នៅក្នុងគម្រោងអណ្តូងប្រេងស៊ីបេរី ចំនួន២ ក៏ដូចជា បញ្ចប់ការចូលរួមរបស់ខ្លួននៅក្នុងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីប្រទេសរុស្ស៊ី ទៅកាន់ ប្រទេសអាល្លឺម៉ង់ ដែលវាបានជួយផ្នែកហិរញ្ញវត្ថុក្នុងចំណោមក្រុមហ៊ុនចម្រុះផ្សេងទៀត។
បន្ថែមពីនេះ បំពង់បង្ហូរប្រេងប្រវែង ១ ២០០គីឡូម៉ែត្រក្រោមសមុទ្រ Baltic Sea ត្រូវបានរដ្ឋមន្ត្រីអាល្លឺម៉ង់ផ្អាករួចទៅហើយ៕