យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតកុនល្បីៗ Warner Bros, Disney និង Sony បានបញ្ឈប់ការចេញផ្សាយខ្សែភាពយន្ត នៅក្នុងរោងកុនរុស្ស៊ីហើយ បន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។
ការប្រកាសនេះមានន័យថា ការចេញផ្សាយខ្សែភាពយន្តធំៗ ដូចជា The Batman, Turning Red និង Morbius ឥឡូវនេះនឹងមិនមានចេញផ្សាយ ដូចដែលបានគ្រោងទុកនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលជុំវិញពិភពលោកកំពុងបង្កើនការដាក់ទណ្ឌកម្មរបស់ពួកគេ ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សាជីវកម្មពិភពលោក រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនថាមពលយក្ស បានកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង The Batman របស់ Warner Bros នឹងចាក់បញ្ចាំងនៅប្រទេសរុស្ស៊ី នាថ្ងៃសុក្រសប្តាហ៍នេះ។ ទន្ទឹមនឹងនេះដែរ Disney បានពន្យារពេលការចេញផ្សាយខ្សែភាពយន្តគំនូរជីវចល Pixar នៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា Turning Red ទៀតផង។ ក្រុមហ៊ុន Sony ក៏បានបញ្ឈប់ការចេញផ្សាយនូវរឿង Marvel គឺ Morbius ក្នុងប្រទេសនេះផងដែរ៕