សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមករា ថា ការលក់រថយន្តក្នុងស្រុក របស់ប្រទេសថៃ បានធ្លាក់ចុះ ១៧,២ ភាគរយក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ៤,២ ភាគរយក្នុងឆ្នាំ ២០២១ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងកង្វះបន្ទះឈីបអេឡិចត្រូនិច។
សហព័ន្ធ FTI បាននិយាយថា ការលក់រថយន្តសរុបមានចំនួន ៨៦ ១៤៥ គ្រឿងក្នុងខែធ្នូ និងរថយន្ត ៧៥៩ ១១៩ គ្រឿងក្នុងឆ្នាំ ២០២១ ដែលលើសពីគោលដៅកំណត់បន្តិច។
ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ FTI នៅតែព្យាករណ៍ថា ការលក់រថយន្តអាចមានពី ៨០០ ០០០ គ្រឿង ទៅ ៨៥០ ០០០ គ្រឿង ឬកើនឡើងពី ៥,៤ ភាគរយទៅ ១២ ភាគរយ ដែលគាំទ្រដោយការបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមលោក Surapong Paisitpattanapong អ្នកនាំពាក្យរបស់ FTI។
គួរឲ្យដឹងថា ប្រទេសថៃ គឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗរបស់ពិភពលោក រួមមានទាំង Toyota, Honda និង Mitsubishi ផងដែរ។ ឧស្សាហកម្មនេះមានប្រហែល ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតរបស់វា៕