រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃគ្រោងនឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានតម្លៃ ១,៤ទ្រីបាត (៤២,៥៥ ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥៤ ០០០កន្លែងឯណោះ។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងសមុទ្រ រួមមានទាំងការធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានសុវណ្ណភូមិដ៏សំខាន់, កំពង់ផែស្ងួតសម្រាប់កុងតឺន័រ និងគម្រោងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ប្រទេសថៃជាមួយប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ផងដែរ។
លោក Saksayam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផែនការវិនិយោគដ៏ធំទាំងនេះនឹងបង្កើនរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសថៃ ដូច្នេះវាអាចឆ្ពោះទៅមុខដោយគ្មានការរំខាន” ។
លោកបានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងដែលមានតម្លៃ ៥១៦ពាន់លានបាត ត្រូវបានចុះហត្ថលេខារួចហើយ ជាមួយនឹងទឹកប្រាក់ ៩៧៤ ពាន់លានបាតផ្សេងទៀត នៅក្នុងគម្រោងថ្មីៗ៕