យោងតាមតួលេខពីឧស្សាហកម្មរថយន្តអឺរ៉ុប បានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រថយន្តរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីមួយកាលពីឆ្នាំមុន ដោយសារវិស័យរថយន្តត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ និង កង្វះបន្ទះឈីបអេឡិចត្រូនិច។
ការចុះបញ្ជីនៃរថយន្តដឹកអ្នកដំណើរថ្មីនៅក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះ ២,៤ ភាគរយក្នុងឆ្នាំ ២០២១ មកនៅត្រឹម ៩,៧លានគ្រឿង ដែលជាចំនួនលក់ដ៏អាក្រក់បំផុត ចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩០។ នេះបើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប European Automobile Manufacturers Association (ACEA)។
តួលេខនោះបានកើតឡើង បន្ទាប់ពីការធ្លាក់ចុះជាប្រវត្តិសាស្ត្រ ជិត ២៤ ភាគរយ ក្នុងឆ្នាំ ២០២០ ដោយសារតែការរឹតបន្តឹងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបាននាំមកនូវការចុះបញ្ជីរថយន្តថ្មីនៅក្នុងសហភាពអឺរ៉ុបចំនួនត្រឹមតែ ៣,៣លានគ្រឿងប៉ុណ្ណោះ។
គួរឲ្យដឹងថា កង្វះនៃបន្ទះឈីបអេឡិចត្រូនិច ដែលប្រើនៅក្នុងប្រព័ន្ធរថយន្តជាច្រើន ទាំងនៅក្នុងរថយន្តប្រើប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី គឺជាហេតុផលចម្បងដែលរារាំងឧស្សាហកម្មនេះឲ្យត្រឡប់មកវិញ។
ACEA បាននិយាយថា “ការធ្លាក់ចុះនេះគឺជាលទ្ធផលនៃកង្វះខាតបន្ទះឈីបអេឡិចត្រូនិច ដែលជះឥទ្ធិពលអវិជ្ជមានដល់ការផលិតរថយន្តពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលឆមាសទីពីរ នៃឆ្នាំ ២០២១ តែម្តង”។
ក្នុងនោះដែរ ក្រុមហ៊ុនផលិតរថយន្តជាច្រើន ដំបូងឡើយបានមើលងាយដល់ផលប៉ះពាល់នៃការខ្វះខាតបន្ទះឈីបនេះ ប៉ុន្តែនៅទីបំផុត វាបាននាំឲ្យផលិតកម្មយឺតយ៉ាវ និងផ្អាកផលិតកម្មនៅរោងចក្រជាច្រើនទៀតផង៕