ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុន Facebook បានបញ្ចេញមុខងារ Subscriptions ដើម្បីជួយអ្នកបង្កើតមាតិកា (creators) អាចរកប្រាក់បាន។ ឥឡូវនេះគំរូអាជីវកម្មនោះបានពង្រីកទៅ Instagram ខណៈដែលក្រុមហ៊ុនបានប្រកាសមុខងារថ្មី ហៅថា Instagram Subscriptions។
ជាមួយនឹង Instagram Subscriptions ក្រុមហ៊ុន Instagram មានគោលបំណងជួយដល់អ្នកបង្កើតមាតិកានៅលើវេទិការបស់ខ្លួន ដោយ “បង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអ្នកតាមដានដែលចូលរួមច្រើនបំផុត និងបង្កើនប្រាក់ចំណូលប្រចាំខែរបស់ពួកគេដោយផ្តល់ឲ្យ subscribers ចូលប្រើប្រាស់ខ្លឹមសារ និងអត្ថប្រយោជន៍ផ្សេងៗផ្តាច់មុខ” ហើយនៅពេលដែល followers បាន subscribed ទៅកាន់ creators ពួកគេនឹងទទួលបានអត្ថប្រយោជន៍នៃ Subscriber Lives, Subscriber Stories និង Subscriber Badges។
ទោះបីជាយ៉ាងក៏ដោយ មុខងារ Instagram Subscriptions ដំបូងនឹងមានតែសម្រាប់អ្នកបង្កើតមាតិកាមួយចំនួនប៉ុណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក រួមមាន @alanchikinchow, @sedona._, @alizakelly, @kelseylynncook, @elliottnorris, @jordanchiles, @jackjerry, @bunnymichael, @donalleniii និង @lonnieiiv ។
ទោះជាយ៉ាងណាក៏ដោយ Instagram បាននិយាយថា ខ្លួនគ្រោងនឹងពង្រីកមុខងារនេះទៅកាន់អ្នកបង្កើតមាតិកាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
មុខងារ Instagram Subscriptions នឹងអនុញ្ញាតឲ្យអ្នកបង្កើតមាតិកាដោះសោប៊ូតុង “subscribe” នៅលើ Instagram profile របស់ពួកគេ ហើយកំណត់តម្លៃប្រចាំខែតាមជម្រើសរបស់ពួកគេ។ Instagram បាននិយាយថា ខ្លួននឹងមិនគិតថ្លៃណាមួយសម្រាប់ subscriptions ពីអ្នកបង្កើតមាតិកាឡើយ រហូតដល់ឆ្នាំ ២០២៣។
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា ពេលណាទើប Instagram Subscriptions នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាសកល ប៉ុន្តែប្រសិនបើការសាកល្បងនៅសហរដ្ឋអាមេរិកដំណើរការទៅដោយរលូន យើងរំពឹងថា មុខងារនេះនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយក្នុងរយៈពេល ២-៣ខែទៀត៕