ក្រុមហ៊ុន Netflix Inc បានដំឡើងថ្លៃសេវាជាវប្រចាំខែរបស់ខ្លួន ពី ១ ដុល្លារទៅ ២ ដុល្លារក្នុងមួយខែ នៅក្នុងសហរដ្ឋអាមេរិក អាស្រ័យលើគម្រោង ដើម្បីជួយចំណាយសម្រាប់កម្មវិធីថ្មី ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារទូរទស្សន៍ ដែលកំពុងមានមនុស្សទស្សនាច្រើន។
គម្រោងស្ដង់ដារ (standard plan) ដែលអនុញ្ញាតឲ្យមានអ្នកប្រើ ២នាក់ក្នុងពេលដំណាលគ្នា ឥឡូវនេះមានតម្លៃ $15.49 ក្នុងមួយខែ កើនឡើងពី $13.99 នៅសហរដ្ឋអាមេរិក។
តម្លៃក៏បានកើនឡើងផងដែរនៅក្នុងប្រទេសកាណាដា ដោយគម្រោងស្តង់ដារ (standard plan) បានកើនឡើងពី C$14.99 ដល់ C$16.49។
ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានកើនឡើងជិត ៣ភាគរយ ដល់ ៥៣៣,៨៤ ដុល្លារនៅលើ Nasdaq បន្ទាប់ពីសារព័ត៌មាន Reuters បានទម្លាយព័ត៌មាននៃការឡើងថ្លៃនេះ។
យ៉ាងណាមិញ ការតំឡើងថ្លៃនេះ សម្រាប់អតិថិជនថ្មី នឹងដំណើរការភ្លាមៗ ខណៈពេលដែលសមាជិកដែលមានស្រាប់ នឹងមើលឃើញតម្លៃថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខ៕