យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែសម្លឹងមើល ការបង្កើនការលើកទឹកចិត្ត និងលុបបំបាត់ការរឹតត្បឹតមួយចំនួនចោល ចំពោះភាពយន្តបរទេសនៅក្នុងប្រទេសថៃ ក្នុងគោលបំណងលើកកម្ពស់ការថត និងផលិតកម្ម។
លោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសថៃ បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) បានបញ្ជាឲ្យភ្នាក់ងារពាក់ព័ន្ធ ស្វែងរកមធ្យោបាយថ្មីៗដើម្បីទាក់ទាញការថតខ្សែភាពយន្តបរទេសបន្ថែមទៀត នៅក្នុងប្រទេសថៃ។
លោក Pichayanan បានបន្ថែមថា ការលើកទឹកចិត្តថ្មី នឹងត្រូវស្នើទៅក្នុងកិច្ចប្រជុំបន្ទាប់របស់ CESA នៅខែមករា។
យោងតាមលោក Pichayanan បានឲ្យដឹងទៀតថា ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការថតខ្សែភាពយន្តបរទេស នៅក្នុងប្រទេសថៃ គឺពាក់ព័ន្ធនឹងភ្នាក់ងារផ្សេងៗ ខណៈពេលដែលនីតិវិធីអនុញ្ញាតការងារមិនងាយស្រួលនោះទេសម្រាប់ការថតភាពយន្ត។ លោកបានបន្តថា ឧបសគ្គចម្បងមួយទៀតនោះគឺ បទប្បញ្ញត្តិមួយចំនួនបានហួសសម័យ ដូចជា តម្រូវឲ្យតារាសម្ដែងត្រូវធ្វើតេស្តឈាមរករោគស្វាយ ជាដើម៕