ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេង Lego បានប្រកាសពីគម្រោងបង្កើតប្រតិបត្តិការផលិតកម្មថ្មី នៅក្នុងប្រទេសវៀតណាម ដើម្បីរក្សាតម្រូវការដែលកំពុងកើនឡើងសម្រាប់ផលិតផលរបស់ខ្លួននៅអាស៊ី។
ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងដ៏ធំខាងលើ បាននិយាយថា ខ្លួននឹងវិនិយោគជាង ១ ពាន់លានដុល្លារ នៅក្នុងគម្រោងនេះ ដែលនឹងនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងហូជីមិញ។
គួរឲ្យដឹងថា វានឹងក្លាយជារោងចក្រទី២ របស់ក្រុមហ៊ុន Lego នៅអាស៊ី បន្ទាប់ពីវាបានបើករោងចក្រនៅក្នុងប្រទេសចិន កាលពី ៥ឆ្នាំមុន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Lego បានមើលឃើញកំណើនលេខ ២ខ្ទង់ក្នុងតំបន់អាស៊ី ចាប់តាំងពីឆ្នាំ ២០១៩ មក ដែលជាមូលហេតុធ្វើឲ្យគម្រោងខាងលើអាចកើតឡើងបាន។
លោក Carsten Rasmussen ប្រធានផ្នែកប្រតិបត្តិការរបស់ Lego បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានអំណរគុណយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលវៀតណាម ក្នុងការជួយយើងឲ្យសម្រេចបាននូវមហិច្ឆតារបស់យើង ក្នុងការកសាងរោងចក្រគ្មានកាបូនដំបូងរបស់យើង” ។
យ៉ាងណាមិញ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ជាមួយនឹងផែនការប្រើប្រាស់ថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅលើដំបូល និងនៅលើកសិដ្ឋានក្បែរនោះ៕