ក្រុមហ៊ុន Apple កំពុងស្ថិតក្នុងចម្ងាយដ៏ជិតបំផុតមួយ នៃមូលធនកម្មទីផ្សារចំនួន ៣ ទ្រីលានដុល្លារ ដែលជាការសម្រេចដ៏សំខាន់មួយ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ១,៦ ភាគរយ នៅ ១៧៤ ដុល្លារ។ Apple ត្រូវការឲ្យតម្លៃភាគហ៊ុនស្មើនឹង ១៨២,៨៥ដុល្លារ ដើម្បីឈានដល់តម្លៃមូលធនកម្មទីផ្សារចំនួន ៣ ទ្រីលានដុល្លារ។
គួរឲ្យដឹងដែរថា តម្លៃទីផ្សារភាគហ៊ុនរបស់ Apple បានកើនឡើង ៣០ភាគរយនៅក្នុងឆ្នាំនេះ បន្ថែមពីលើ ៨០ភាគរយ ដែលបានកើនឡើងនៅក្នុងឆ្នាំ២០២០។ បើប្រៀបធៀបទៅ S&P 500 បានកើនឡើងត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានោះ។
ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ Microsoft, Amazon, Alphabet និង Tesla បានកើនឡើងចន្លោះ ១០ភាគរយ ទៅ ៧០ភាគរយ។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Apple បានឈានដល់តម្លៃមូលធនកម្មទីផ្សារចំនួន ១ ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០១៨ ហើយវាចំណាយពេល ២ឆ្នាំ ទើបអាចបាន ២ ទ្រីលានដុល្លារ៕