ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ថា ខ្លួននឹងផ្តល់ប្រាក់ Bonus បន្ថែមដល់បុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក នៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយខាងលើ បានសម្រេចផ្អាកផែនការត្រលប់ទៅធ្វើការនៅការិយាល័យវិញ។
បើតាមអ្នកនាំពាក្យក្រុមហ៊ុនបានសារព័ត៌មាន Reuters ថា Google នឹងផ្តល់ឲ្យបុគ្គលិកទាំងអស់ រួមទាំងកម្លាំងពលកម្មបន្ថែមរបស់ក្រុមហ៊ុន និងអ្នកហាត់ការ នូវប្រាក់រង្វាន់មួយដងចំនួន ១ ៦០០ ដុល្លារ។
អ្នកនាំពាក្យរូបនេះបាននិយាយថា អត្ថប្រយោជន៍ចុងក្រោយបំផុតនេះ គឺជាការបន្ថែមលើប្រាក់ឧបត្ថម្ភការងារពីផ្ទះ និងប្រាក់ឧបត្ថម្ភសុខុមាលភាពរបស់ Google ដើម្បីជួយដល់បុគ្គលិករបស់ខ្លួនក្នុងអំឡុងពេលរាតត្បាតនៃមេរោគកូវីដ-១៩។
គួររំលឹកឲ្យដឹងដែរថា កាលពីដើមខែមីនា ការស្ទង់មតិផ្ទៃក្នុងរបស់ Google បានបង្ហាញពីការធ្លាក់ចុះនៃសុខុមាលភាពបុគ្គលិករបស់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីនោះក្រុមហ៊ុនបានប្រកាសអត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមទាំងប្រាក់រង្វាន់សុខុមាលភាព ៥០០ ដុល្លារផងដែរ៕