ក្រុមហ៊ុន Ford Motor Co បាននិយាយនៅថ្ងៃពុធថា ខ្លួននឹងវិនិយោគលុយចំនួន ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែល Ford អះអាងថា នឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ។
ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងធ្វើឡើងតាមរយៈរោងចក្រផលិតផ្ទាល់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Mazda Corporation របស់ប្រទេសជប៉ុន។
គួរឲ្យដឹងថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទី៤ របស់អាស៊ី ដែលមានក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោក ដូចជា Toyota និង Honda ជាដើម។
ឧស្សាហកម្មនេះមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតកម្ម។ ក្រុមហ៊ុនផលិតរថយន្ត Ford បាននិយាយថា ការពង្រីកនេះនឹងបន្ថែមការងារថ្មីប្រហែល ១ ២៥០កន្លែង នៅរោងចក្ររបស់ខ្លួន ហើយប្រហែល ៤០០ លានដុល្លារនៃការវិនិយោគ នឹងឆ្ពោះទៅរកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន៕