យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូ នៅតាមបណ្តាស្រុកស្នូលមួយចំនួន ក្រោយឆ្នាំ ២០២៥ ពោលគឺរយៈពេល ៥ ឆ្នាំ មុនផែនការដើម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល។
ការហាមប្រាមខាងលើនឹងអនុវត្តចំពោះគ្រប់ស្រុកទាំងអស់ ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងលើផ្លូវធំៗចំនួន៣ រួមមាន Truong Sa, Hoang Sa និងផ្លូវជាតិលេខ៥។ នេះបើយោងតាមផែនការដែលត្រូវបានរៀបចំដោយរដ្ឋបាលក្រុង។
គួរឲ្យដឹងថា ក្រោយឆ្នាំ ២០៣០ ការហាមប្រាមនឹងពង្រីកដល់គ្រប់ស្រុកទាំងអស់ ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៤ ក្នុងប្រទេសវៀតណាម។ យ៉ាងណាក៏ដោយ ផែនការនេះនឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារ។
សូមបញ្ជាក់ថា រាជធានីហាណូយ មានម៉ូតូប្រហែល ៥,៦ លានគ្រឿង និងរថយន្ត ៦០០ ០០០ គ្រឿង។ ការរៀបចំសេវាដឹកជញ្ជូនសាធារណៈមិនល្អ បានជំរុញឲ្យមានការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួននៅក្នុងប្រទេសវៀតណាម និងជាពិសេសនៅតាមទីក្រុងធំៗរបស់ខ្លួន។
បច្ចុប្បន្ននេះ នៅទីក្រុងហាណូយ ប្រព័ន្ធរថយន្តក្រុងសាធារណៈដំណើរការបាន ១៤០ ផ្លូវ ដែលស្មើនឹង ៣១ ភាគរយនៃតម្រូវការសរុប៕