យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានវិនិយោគលុយសរុបចំនួន ១៧,៧៤ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ២៤ ឆ្នាំចុងក្រោយ ដោយក្នុងនោះមាន ២៩ ភាគរយ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
ជាមួយនឹងរោងចក្រផលិត និងស្រាវជ្រាវចំនួន ៨ នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងខាងលើ សម្រេចបានប្រាក់ចំណូលជិត ៦០,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២១ នេះ។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Samsung Vietnam លោក Choi Joo Ho បានប្រាប់ឧបនាយករដ្ឋមន្ត្រី Le Minh Khai នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ។
លោក Choi បាននិយាយថា វាបានកត់សម្គាល់ការកើនឡើង ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានបញ្ហាប្រឈមក្នុងការរក្សាដំណើរការរោងចក្រ និងប្រភពគ្រឿងបន្លាស់ ចំពេលមានការវាយប្រហារពីជំងឺកូវីដ១៩ ក៏ដោយ។ លោកបានបន្ថែមថា ការនាំចេញមានចំនួនជិត ៨៩ ភាគរយនៃប្រាក់ចំណូល។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Samsung កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០ លានដុល្លារថ្មី នៅទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដំបូងគេ ស្ថិតនៅខាងក្រៅប្រទេសកំណើតរបស់ខ្លួន៕