ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីរបស់លោក Donald Trump បាននិយាយថា ពួកគេបានចុះកិច្ចព្រមព្រៀងដើម្បីរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារពីអ្នកវិនិយោគ មុនការចុះបញ្ជីទីផ្សារភាគហ៊ុនដែលបានគ្រោងទុក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Trump Media & Technology Group កំពុងធ្វើការដើម្បីចាប់ផ្តើមកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយ ដែលមានឈ្មោះថា Truth Social នៅដើមឆ្នាំក្រោយ។
កម្មវិធីថ្មីនេះនឹងកើតឡើង ស្របពេលដែលលោក Trump នៅតែត្រូវបានហាមឃាត់ពីបណ្តាញសង្គម Twitter និង Facebook។
យ៉ាងណាមិញ លោក Trump បាននិយាយថា “១ពាន់លានដុល្លារ គឺជាការផ្ញើសារដ៏សំខាន់មួយទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗថា ការចាប់ពិរុទ្ធ (censorship) និងការរើសអើងនយោបាយ (political discrimination) ត្រូវតែបញ្ចប់”។
លោកបានបន្ថែមទៀតថា “ក្រុមហ៊ុន Trump Media & Technology Group នឹងស្ថិតក្នុងទីតាំងរឹងមាំជាងមុន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះ”។
គួរឲ្យដឹងថា លោក Trump បានប្រកាសផែនការដើម្បីចាប់ផ្តើម Truth Social នៅដើមឆ្នាំនេះ ដោយនិយាយថា វានឹងអនុញ្ញាតឲ្យមានការសន្ទនា “គ្មានការរើសអើង ដោយផ្អែកលើមនោគមវិជ្ជានយោបាយ”៕