យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែកថែបរបស់ប្រទេសវៀតណាម បានកើនឡើងជិត ១៣០ ភាគរយក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២១ នេះ ដល់ ១០,៨ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសមាគមដែកថែបវៀតណាម Vietnam Steel Association (VSA)។
ក្នុងនោះក្រុមហ៊ុន Hoa Phat បាននាំចេញផលិតផលដែកសំណង់សម្រេច បានចំនួន ៩១៤ ០០០ តោន កើនឡើង ៩០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុននេះគ្រោងនឹងនាំចេញច្រើនជាងមួយលានតោន ដោយកើនឡើងទ្វេដងនៃបរិមាណដែលខ្លួនបាននាំចេញកាលពីឆ្នាំមុន។
សមាគមដែកថែបខាងលើ បានរំពឹងថា ការនាំចេញនឹងមានភាពរឹងមាំនៅក្នុងខែនេះ ដោយសារតែការកើនឡើងនៃតម្រូវការសកល និងកង្វះខាតបណ្តោះអាសន្ននៅក្នុងប្រទេសចិន។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Vietcombank Securities Company បានពន្យល់ថា ប្រទេសចិនកំពុងកាត់បន្ថយការនាំចេញដែកថែបរបស់ខ្លួនជាបណ្តើរៗ។ សមាគមដែកថែបវៀតណាម បាននិយាយថា វៀតណាមមានសមត្ថភាពផលិតប្រហែល ២៤ លានតោនក្នុងមួយឆ្នាំ ហើយទិន្នផលនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២១,២ លានតោន ដែលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញយ៉ាងពេញលេញ៕