ក្នុងរយៈពេលមួយខែកន្លងទៅនេះ ផ្លែទាបថៃបានលេចមុខនៅតាមហាង និងផ្សារទំនើបនានា ជាមួយការទាក់ទាញពីអតិថិជនវៀតណាមយ៉ាងខ្លាំង។
បើទោះបីជា តម្លៃស្មើ ឬថោកជាងផ្លែទាបវៀតណាម ប៉ុន្តែផ្លែទាបមកពីប្រទេសថៃ មានម៉ូដស្អាត និងទម្ងន់ទ្វេដង ដូច្នេះហើយទើបមានការពេញនិយមពីអ្នកប្រើប្រាស់។ ដោយតម្លៃក្នុងមួយគីឡូក្រាម ទាបវៀតណាមឡើងដល់៧ម៉ឺនដុង ពេលនោះទាបថៃចុះមកត្រឹម ៦ម៉ឺនដុងក្នុងមួយគីឡូក្រាម។ លើសពីនេះ ម៉ូដរបស់ទាបថៃ ស្រស់ស្អាត មានទម្ងន់ទ្វេដងនឹងទាបវៀតណាម ដោយមួយផ្លែៗមានទម្ងន់ ៥០០-៦០០ ក្រាម មានក្លិនឈ្ងុយ និងរសជាតិផ្អែម។ អតិថិជនទិញភាគច្រើនជ្រើសរើសទាបថៃ ព្រោះវាមានទំហំធំ គ្រាប់តិច ស្បែកស្តើង។ ចំណែកទំនិញក្នុងស្រុកត្រូវ៥-១០ផ្លែទើបបានមួយគីឡូក្រាម ប៉ុន្តែសាច់ស្តើងហើយមានគ្រាប់ច្រើន។
ម្ចាស់ហាងលក់ផ្លែឈើមួយកន្លែងនៅក្នុងប្រទេសវៀយណាមបាននិយាយថា ជារៀងរាល់ថ្ងៃ អ្នកស្រីយកផ្លែទាបថៃប្រហែល ២០ គីឡូក្រាម ហើយលក់អស់ទាំងព្រឹកផងដែរ។ ខណៈទាបវៀតយកបានតែ១០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយពេល ៣ថ្ងៃទើបអស់ស្តុក។ ស្រដៀងគ្នានេះដែរ ម្ចាស់តូបលក់ផ្លែឈើនៅផ្សារ Pham Van Hai (Tan Binh) បាននិយាយថា គាត់ទទួលផ្លែទាបថៃ ៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ ហើយថ្មីៗនេះ គាត់នាំចូលតែវៀតណាម ៣០% ប៉ុណ្ណោះសម្រាប់បម្រើអតិថិជនដែលចូលចិត្តផលិតផលក្នុងស្រុក ខណៈ ៧០% ជារបស់ថៃ ព្រោះវាងាយស្រួលក្នុងការលក់ចេញ។
ក្នុងនាមជាឈ្មួញដែលនាំចូលពីថៃ ៥-៦ តោនទៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ អ្នកស្រី Oanh មកពីទីក្រុង Thu Duc បានទទួលស្គាល់ថានេះជាទំនិញដែលលក់ដាច់ខ្លាំងនាពេលថ្មីៗនេះ។ ប្រាក់ចំណេញគឺខ្ពស់ជាងទំនិញវៀតណាម ដោយសារអត្រាខូចខាតទាប។ អ្នកស្រីក៏បានបន្តថា ឆ្នាំនេះតម្រូវការផ្លែឈើនេះបានកើនឡើង ២០% បើធៀបនឹងរាល់ឆ្នាំ៕