យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូ Bitcoin បានធ្លាក់ចុះតម្លៃចំនួន ៥,៥ ភាគរយ ទៅ ៥៣ ៤៣៥ដុល្លារ កាលពីថ្ងៃសុក្រ ដោយបានបាត់បង់តម្លៃ ៣ ១១២ដុល្លារ។
Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់ពិភពលោក បានធ្លាក់ចុះតម្លៃចំនួន ២២,៦ ភាគរយ ពីកម្រិតខ្ពស់បំផុត ៦៩ ០០០ ដុល្លារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ Ether ដែលជាកាក់ភ្ជាប់ទៅនឹងបណ្តាញ ethereum blockchain បានធ្លាក់ចុះតម្លៃ ៦,៨១ ភាគរយ មកនៅត្រឹម ៤ ២០៨ដុល្លារ កាលពីថ្ងៃសុក្រ ដោយបានបាត់បង់តម្លៃ ៣០៧ ដុល្លារ។
គួររំលឹកឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ ធនាគារថៃ បានប្រកាសការមិនគាំទ្រចំពោះការទូទាត់តាមរយៈ “ទ្រព្យសកម្មឌីជីថល”។ ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពប្រែប្រួលខ្ពស់នៃតម្លៃទ្រព្យសកម្មឌីជីថល, ហានិភ័យនៃការលួចតាមអ៊ីនធឺណិត និងការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងឧបករណ៍សម្រាប់ការលាងលុយកខ្វក់ អាចប៉ះពាល់ដល់អតិថិជន និងអាជីវកម្ម”។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ បានប្រកាសពីការផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលក្នុងស្រុក ដើម្បីទទួលយកទ្រព្យសម្បត្តិឌីជីថលជាការទូទាត់៕