ប្រាក់ចំណូលរបស់ប្រទេសថៃ ពីបច្ចេកវិទ្យា 5G ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤១ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ខណៈពេលដែលស្ទើរតែពាក់កណ្តាលនៃអ្នកប្រើប្រាស់ទូរសព្ទចល័ត ត្រូវបានគេរំពឹងថា នឹងមានលទ្ធភាពប្រើប្រាស់សេវាកម្មជំនាន់ទី៥ នៅឆ្នាំ ២០២៧។ នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍យក្សស៊ុយអែត Ericsson។
ទន្ទឹមនឹងនេះ ការរួមបញ្ចូលគ្នាដែលបានគ្រោងទុកនៃប្រតិបត្តិករទូរគមនាគមន៍ True Corporation Plc និង Total Access Communication Plc (DTAC) ទំនងជាបង្កើតបានទាំងបញ្ហាប្រឈម និងឱកាសសម្រាប់អង្គភាពថ្មី និងការធ្លាក់ចុះនៃជម្រើសសេវាកម្មសម្រាប់អតិថិជន។
លោក Igor Maurell ប្រធានក្រុមហ៊ុន Ericsson Thailand ដែលទើបតែងតាំងថ្មី បាននិយាយថា “ការអនុម័តប្រព័ន្ធ 5G របស់ប្រទេសថៃ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែប្រទេសនេះបានឃើញទីផ្សាររស់រវើក, ការរំពឹងទុករបស់អ្នកប្រើប្រាស់ខ្ពស់, តម្រូវការខ្ពស់ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងបច្ចេកវិទ្យា 5G”។
លោក Maurell បានបន្តទៀតថា “យើងនឹងឃើញការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលគាំទ្រដោយឧបករណ៍ 5G ដែលមានតម្លៃសមរម្យ និងកម្មវិធីប្រកបដោយភាពច្នៃប្រឌិតជាច្រើនទៀត”។
ប្រធានក្រុមហ៊ុនខាងលើបានបន្ថែមឲ្យដឹងថា ប្រទេសថៃមានហេដ្ឋារចនាសម្ព័ន្ធ 5G ជឿនលឿន ដោយមានអតិថិជន 5G ចំនួន ៣ លាននាក់។ ជាជំហានបន្ទាប់ ប្រទេសថៃ ទំនងជានឹងជំរុញឲ្យមានស្ថាបត្យកម្ម 5G ឯករាជ្យសម្រាប់សេវាកម្មនេះ៕