ក្រុមហ៊ុន Lexus បាននិយាយថា ទីផ្សាររថយន្តនៅក្នុងប្រទេសថៃ គឺសមរម្យសម្រាប់រថយន្តអគ្គិសនីកូនកាត់ Plug-in Hybrid ជាជាងរថយន្តអគ្គិសនីសុទ្ធ (Battery Electric Vehicle) ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកភ្លើងរថយន្តនៅមានដែនកំណត់ ដែលជាធម្មតាផ្តោតតែលើទីក្រុងធំៗ។
រថយន្តប្រភេទ Plug-in Hybrid ដែលដំណើរការទាំងអាគុយ និងម៉ាស៊ីនចំហេះខាងក្នុង (ICE) គឺជាជម្រើសដ៏សមស្របមួយសម្រាប់អ្នកបើកបររថយន្តនៅក្នុងប្រទេសថៃភាគច្រើន ដោយសារពួកវាអនុញ្ញាតឲ្យបើកបរបានចម្ងាយឆ្ងាយ ដោយមិនខ្វល់ពីការស្វែងរកកន្លែងសាកភ្លើងឡើយ។ នេះបើយោងតាមសម្តីលោក Surasak Suthongwan អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Lexus Group ដែលស្ថិតនៅក្រោមក្រុមហ៊ុន Toyota Motor Thailand Co.។
គួរឲ្យដឹងថា ចំនួនស្ថានីយសាកភ្លើងរថយន្តអគ្គិសនីមិនគ្រប់គ្រាន់ គឺជាកត្តាមួយដែលធ្វើឲ្យអ្នកទិញរថយន្តថៃនាពេលអនាគតមានការស្ទាក់ស្ទើរក្នុងការទិញ រថយន្តអគ្គិសនី ដែលដំណើរការលើអាគុយអគ្គិសនីទាំងស្រុង។
លោក Surasak បានឲ្យដឹងទៀតថា ប្រទេសថៃ ត្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកបើកបររថយន្តអគ្គិសនី ជាពិសេសការផ្តល់ស្ថានីយសាកភ្លើងបន្ថែមទៀតនៅទូទាំងប្រទេសតែម្តង៕