ធនាគារកណ្តាលនៃប្រទេសថៃ Bank of Thailand បានព្រមានក្រុមហ៊ុននានា អំពីការទទួលយកទ្រព្យសកម្មឌីជីថលជាការទូទាត់សម្រាប់ទំនិញ និងសេវាកម្ម ខណៈដែលក្រុមហ៊ុនកាន់តែច្រើនបានចាប់ផ្តើមភាពជាដៃគូ ដើម្បីទទួលយករូបិយប័ណ្ណគ្រីបតូសំខាន់ៗជាការទូទាត់។
ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពប្រែប្រួលខ្ពស់នៃតម្លៃទ្រព្យសកម្មឌីជីថល, ហានិភ័យនៃការលួចតាមអ៊ីនធឺណិត និងការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងឧបករណ៍សម្រាប់ការលាងលុយកខ្វក់ អាចប៉ះពាល់ដល់អតិថិជន និងអាជីវកម្ម”។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនជាច្រើនប្រកាសពីការផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលក្នុងស្រុក ដើម្បីទទួលយកទ្រព្យសម្បត្តិឌីជីថលជាការទូទាត់។
គួរឲ្យដឹងថា ប្រទេសថៃ បានមើលឃើញការកើនឡើងនៃការជួញដូររូបិយប័ណ្ណគ្រីបតូ និងការចាប់អារម្មណ៍រូបិយប័ណ្ណនេះ ក្នុងអំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩ កើតឡើង។
មិនតែប៉ុណ្ណោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក SC Assets Plc នៅសប្តាហ៍នេះ បានប្រកាសពីភាពជាដៃគូជាមួយ ប្រតិបត្តិករប្តូរទ្រព្យសម្បត្តិឌីជីថល Zipmex ដើម្បីអនុញ្ញាតឲ្យអតិថិជនទិញអចលនទ្រព្យដោយប្រើទ្រព្យសម្បត្តិឌីជីថល រួមមាន Bitcoin, Ethereum និង Zipmex ជាដើម៕