យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុង Tel Aviv បានជាប់ឈ្មោះជា “ទីក្រុងដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកក្នុងការរស់នៅ” (most expensive city in the world to live in) ដោយសារតែការកើនឡើងនៃអតិផរណា និងបញ្ហាសង្វាក់ផ្គត់ផ្គង់បានជំរុញឲ្យតម្លៃនៅទូទាំងពិភពលោកកើនឡើង។
ទីក្រុងរបស់ប្រទេសអ៊ីស្រាអែលខាងលើ បានជាប់ចំណាត់ថ្នាក់កំពូលជាលើកដំបូង នៅក្នុងការស្ទង់មតិដោយ Economist Intelligence Unit (EIU) ដោយបានឡើងពីចំណាត់ថ្នាក់ទី៥ កាលពីឆ្នាំមុន និងបានរុញច្រានទីក្រុងប៉ារីស ឲ្យចុះមកនៅលេខទី២ ជាមួយនឹងប្រទេសសិង្ហបុរី។
ដោយឡែក ទីក្រុង Damascus ក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម បានរក្សាចំណាត់ថ្នាក់របស់ខ្លួនថា ជាទីក្រុងថោកបំផុតក្នុងពិភពលោក សម្រាប់ការរស់នៅ។
គួរឲ្យដឹងថា ការស្ទង់មតិនេះ បានធ្វើការប្រៀបធៀបលើការចំណាយគិតជាដុល្លារអាមេរិក សម្រាប់ទំនិញ និងសេវាកម្មនៅក្នុងទីក្រុងចំនួនសរុប ១៧៣ ប្រទេស៕