ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកា ២០២១ ថា រដ្ឋសភាជាតិបានសម្រេចពន្យាពេលយកពន្ធ ពីការជួញដូររូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងរយៈពេលមួយឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលច្បាប់យកពន្ធលើរូបិយប័ណ្ណគ្រីបតូទទួលបានការយល់ព្រមនៅសម័យប្រជុំពេញអង្គ ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមដាក់ពន្ធ ២០ ភាគរយ លើប្រាក់ចំណេញប្រចាំឆ្នាំ លើសពី ២,៥ លានវ៉ុន (២ ១០០ ដុល្លារ) ដែលរកបានពីការជួញដូររូបិយប័ណ្ណគ្រីបតូ។
សូមបញ្ជាក់ថា ច្បាប់យកពន្ធលើរូបិយប័ណ្ណគ្រីបតូថ្មីនេះ នឹងចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៣ តទៅតែម្តង។
គួររំលឹកឲ្យដឹងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង ធ្លាប់បាននិយាយថា ខ្លួននឹងចាប់ផ្តើមយកពន្ធលើរូបិយប័ណ្ណគ្រីបតូ ចាប់ពីខែមករា ឆ្នាំក្រោយ ប៉ុន្តែបានសម្រេចចិត្តពន្យាពេលមួយឆ្នាំទៀតវិញ។ រដ្ឋសភាកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី ២ ខែធ្នូ ខាងមុខនេះតែម្តង៕