ប្រទេសថៃ នឹងមិនបោះជំហានថយក្រោយពីផែនការបើកប្រទេសឡើងវិញនោះទេ បើទោះបីជាមានភាពមិនប្រាកដប្រជា អំពីប្រភេទជំងឺកូវីដ១៩ ថ្មី “អូមីក្រុង” ក៏ដោយ ខណៈក្រសួងទេសចរណ៍ និងកីឡាថៃ ក៏នឹងស្នើឲ្យមានការបន្ធូរបន្ថយបន្ថែមទៀត លើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកអារម្មណ៍រីករាយឡើងវិញ។
លោក Phiphat Ratchakitprakarn ប្រធានមន្ទីរផ្នែកទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បាននិយាយថា “គ្មាននរណាម្នាក់ចង់បានការបិទព្រំដែនទៀតនោះទេ ព្រោះវាពិតជាលំបាកណាស់សម្រាប់យើងក្នុងការបើកប្រទេសឡើងវិញ”។
លោក Ratchakitprakarn បានប្រាប់ឲ្យដឹងថា អ្នកដំណើរអន្តរជាតិក្នុងអំឡុងពេល ២៩ ថ្ងៃដំបូងនៃការបើកប្រទេសឡើងវិញ មានចំនួនជាង ១០០ ០០០ នាក់។ តួលេខនេះបានបង្ហាញថា យុទ្ធសាស្ត្រគ្មានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ គឺជាវិធីដ៏ត្រឹមត្រូវដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យត្រលប់មកវិញ។
យ៉ាងណាមិញ ខណៈពេលដែលប្រទេសថៃ បានកត់ត្រាភ្ញៀវទេសចរចំនួនជាង ២០០ ០០០ នាក់ក្នុងរយៈពេល ១១ ខែដំបូង ក្រសួងទេសចរថៃរំពឹងថា នឹងមានភ្ញៀវទេសចរពី ៣០០ ០០០ ទៅ ៤០០ ០០០ នាក់ នឹងមកលេងប្រទេសថៃនៅចុងឆ្នាំនេះ៕