យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ Thai Airways International (THAI) ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥១,១ ពាន់លានបាត ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។
ប្រភពខាងលើបានឲ្យដឹងទៀតថា ឥឡូវនេះក្រុមហ៊ុន THAI មានសន្តិសុខហិរញ្ញវត្ថុរឹងមាំ ជាមួយនឹងលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន រហូតដល់កម្ចីថ្មីត្រូវបានទទួល។ ប្រាក់កម្ចីថ្មីនោះ នឹងមានសារៈសំខាន់សម្រាប់ការរក្សាល្បឿននៃការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ។
គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរខាងលើ កំពុងរង់ចាំមើលថាតើក្រសួងហិរញ្ញវត្ថុ ដែលជាម្ចាស់ភាគហ៊ុនធំមួយរបស់ក្រុមហ៊ុន THAI នឹងមកជួយផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែរឬទេ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith បាននិយាយថា ក្រុមហ៊ុនអាកាសចរ THAI អាចត្រូវការប្រាក់កម្ចីត្រឹមតែ ២៥ ពាន់លានបាតប៉ុណ្ណោះ ដើម្បីបង្កើនសន្ទនីយភាពហិរញ្ញវត្ថុរបស់ខ្លួន ជំនួសឲ្យការប៉ាន់ស្មានដំបូង ចំនួន ៥០ ពាន់លានបាត។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី Arkhom បាននិយាយថា ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តលើវិធីសាស្ត្រនៃការខ្ចីប្រាក់ ហើយនឹងមិនមានតម្រូវការសម្រាប់ក្រសួងហិរញ្ញវត្ថុ ក្នុងការធានាប្រាក់កម្ចីនោះទេ៕