យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិត Amazon នឹងបញ្ឈប់ការទទួលយកកាតឥណទាន Visa (credit card) ដែលចេញនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ១៩ ខែមករា នេះតទៅ។
ក្រុមហ៊ុន Amazon បាននិយាយថា ការផ្លាស់ប្តូរនេះគឺដោយសារតែថ្លៃប្រតិបត្តិការកាតឥណទានខ្ពស់ ប៉ុន្តែបានបញ្ជាក់ថា កាតឥណពន្ធ Visa (debit card) នឹងនៅតែទទួលយកធម្មតា។
ក្នុងនោះ ក្រុមហ៊ុន Visa បាននិយាយថា “វាពិតជាមានការខកចិត្តជាខ្លាំងដែល Amazon កំពុងគម្រាមកំហិតលើជម្រើសអ្នកប្រើប្រាស់នាពេលអនាគត”។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Amazon បានបន្ថែមថា “តម្លៃនៃការទទួលយកការទូទាត់តាមកាត នៅតែបន្តជាឧបសគ្គសម្រាប់អាជីវកម្មដែលខិតខំផ្តល់នូវតម្លៃដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន”។
មិនតែប៉ុណ្ណោះ Amazon បានសង្កត់ធ្ងន់ថា ការចំណាយគួរតែធ្លាក់ចុះតាមពេលវេលា ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា “ប៉ុន្តែផ្ទុយទៅវិញ ពួកគេបន្តនៅខ្ពស់ ឬរឹតតែកើនឡើងថែម”៕