ក្រុមហ៊ុន Apple បានប្រកាសកម្មវិធី “self-service repair” ដែលអនុញ្ញាតឲ្យអតិថិជនអាចជួសជុលឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេបាន។
នៅពេលដាក់ចេញជាផ្លូវការ នៅដើមឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក Apple នឹងផ្តល់នូវគ្រឿងបន្លាស់ដូចជា ថ្ម អេក្រង់ និងកាមេរ៉ារបស់ iPhone ជំនាន់ថ្មីៗ ព្រមទាំងគ្រឿងបន្លាស់ និងឧបករណ៍ជាង ២០០ គ្រឿងទៀត។
វាកើតឡើងបន្ទាប់ពីមានសម្ពាធកើនឡើងជាច្រើនខែ លើ Apple ពីចលនាសិទ្ធិជួសជុល (right-to-repair movement) ដែលចង់ឱ្យបុគ្គល និងហាងជួសជុលឯករាជ្យ អាចជួសជុលគ្រឿងអេឡិចត្រូនិចម៉ាក Apple បាន។
Apple បាននិយាយថា “Self Service Repair គឺមានបំណងផ្តោតខ្លាំងសម្រាប់អ្នកបច្ចេកទេស ដែលមានចំណេះដឹង និងបទពិសោធន៍ក្នុងការជួសជុលឧបករណ៍អេឡិចត្រូនិក ប៉ុន្តែសម្រាប់អតិថិជនភាគច្រើន ការទៅហាងជួសជុលដែលមានជំនាញវិជ្ជាជីវៈ ហើយមានការបញ្ជាក់ច្បាស់ពី Apple នឹងជាជម្រើសកាន់តែប្រសើរ”៕