ការលក់រថយន្តនៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៩ ៧៩៧ គ្រឿងកាលពីខែមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមេសា ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីគម្លាតសង្គមដ៏យូរ។
នេះគឺជាការកើនឡើងនៃការលក់ប្រចាំខែទី២ ជាប់ៗគ្នា បន្ទាប់ពីខ្សែសង្វាក់ធ្លាក់ចុះ ៥ខែ ពីខែមេសា ដល់ ខែសីហា នៅពេលដែលរលកកូវីដ១៩ ទី៤ បានវាយប្រហារប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association ដែលហៅកាត់ថា VAMA។
គួរឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូង ការលក់សរុបបានកើនឡើងដល់ ២១៨ ៧៣៤ គ្រឿង ពោលគឺកើនឡើងជិត ៣ ភាគរយធៀបនឹងឆ្នាំមុន។
យ៉ាងណាមិញ ក្រុមហ៊ុន Truong Hai Auto (Thaco) បានបន្តនាំមុខការលក់ជាមួយនឹងចំនួន ៧៥ ៦០៤ គ្រឿងក្នុងរយៈពេលនោះ កើនឡើង ៦,៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុន Toyota បានតាមពីក្រោយដោយមានចំនួន ៤៥ ១៣១ គ្រឿង ធ្លាក់ចុះ ៩,៦ ភាគរយ ខណៈក្រុមហ៊ុន Mitsubishi, Ford និង Honda បានឈរនៅលើតារាងកំពូលទាំង៥។
កាលពីខែតុលា ម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ គឺ Hyundai Accent ដែលមានចំនួន ៣ ៣៤៦ គ្រឿង បន្ទាប់មកគឺរថយន្តភីកអាប់ Ford Ranger៕