ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ជឿជាក់ថា តម្រូវការក្នុងស្រុកសម្រាប់ឥន្ធនៈបានចាប់ផ្តើមត្រឡប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ វិញហើយ លើកលែងតែឥន្ធនៈយន្តហោះ ដែលគេរំពឹងថានឹងត្រលប់មកធម្មតាវិញ នៅចុងឆ្នាំក្រោយ។
តម្រូវការប្រេងសាំងមានលើសពី ៣០ លានលីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើង ៨% នៅឆ្នាំក្រោយ ខណៈដែលការប្រើប្រាស់ប្រេងម៉ាស៊ូត មានច្រើនជាង ៦៥ លានលីត្រក្នុងមួយថ្ងៃ ដែលជាកម្រិតដូចគ្នា មុនពេលមានកូវីដ១៩ វាយប្រហារប្រទេសថៃ ក្នុងឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ តម្រូវការប្រេងម៉ាស៊ូត ទំនងជាកើនឡើង ៥,៤% នៅឆ្នាំក្រោយទៀតផង។ នេះបើយោងតាមការប៉ាន់ស្មានរបស់ TOP។ ដោយឡែក តម្រូវការប្រេងឥន្ធនៈមានកម្រិតលើសពី ៥ លានលីត្រក្នុងមួយថ្ងៃ ប្រហាក់ប្រហែលនឹងការប្រើប្រាស់ជាមធ្យម ក្នុងឆ្នាំ ២០១៩ ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង ២,៣% នៅឆ្នាំក្រោយ។
ចំពោះប្រេងឥន្ធនៈយន្តហោះវិញ ការប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានជិត ២០ លានលីត្រក្នុងមួយថ្ងៃ នៅចុងឆ្នាំក្រោយ បើធៀបនឹងចំនួនតិចជាង ១០ លានលីត្រក្នុងមួយថ្ងៃ កាលពីដើមឆ្នាំ ២០២១ នេះ និងតិចជាង ៥ លានលីត្រក្នុងមួយថ្ងៃ ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះ៕