ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសថា ខ្លួននឹងវិនិយោគលុយចំនួន ១ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៤០លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
គួរឲ្យដឹងថា វាគឺជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកខាងលើ នៅក្នុងប្រទេសអូស្ត្រាលី រហូតមកដល់បច្ចុប្បន្ន។
Google និយាយថា ប្រាក់នេះនឹងត្រូវបានប្រើដើម្បីកសាងមជ្ឈមណ្ឌលស្រាវជ្រាវ, បង្កើនសមត្ថភាពកុំព្យូទ័រលើពពក (cloud computing) និងផ្តល់មូលនិធិភាពជាដៃគូជាមួយអង្គការក្នុងស្រុក។
ការវិនិយោគនេះនឹងត្រូវដាក់ឈ្មោះថា “Digital Future Initiative” ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារដោយផ្ទាល់ចំនួន ៦ ០០០កន្លែង និងគាំទ្រដល់ការងារសរុប ២៨ ០០០កន្លែងឯណោះ។
លោក Sundar Pichai មេក្រុមហ៊ុន Google បាននិយាយនៅក្នុងកម្មវិធីសម្ពោធគំនិតផ្តួចផ្តើម Digital Future Initiative ខាងលើ នៅទីក្រុងស៊ីដនី ថា “អូស្ត្រាលី អាចជួយដឹកនាំរលកបន្ទាប់នៃការបង្កើតថ្មីរបស់ពិភពលោក, ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អជីវិត, បង្កើតការងារ និងធ្វើឲ្យមានការរីកចម្រើន”៕