ក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell បានប្រកាសពីផែនការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅកាន់ចក្រភពអង់គ្លេស ដែលជាផ្នែកនៃសំណើដើម្បីសម្រួលដល់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនប្រេងយក្សខាងលើ នឹងស្នើឱ្យម្ចាស់ភាគហ៊ុនបោះឆ្នោតលើការផ្លាស់ប្តូរលំនៅដ្ឋានពន្ធរបស់ខ្លួន ពីហូឡង់ទៅចក្រភពអង់គ្លេស។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell លោក Ben van Beurden ក៏នឹងផ្លាស់ប្តូរទីតាំងទៅកាន់ចក្រភពអង់គ្លេសផងដែរ។ មិនតែប៉ុណ្ណោះ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺលោកស្រី Jessica Uhl ក៏នឹងផ្លាស់ទៅជាមួយបុគ្គលិកជាន់ខ្ពស់ ៧នាក់ផ្សេងទៀត។
យ៉ាងណាមិញ រដ្ឋាភិបាលហូឡង់បាននិយាយថា វាជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណើរបស់ Shell ក្នុងការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន។
លោក Stef Blok រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងអាកាសធាតុ បាននិយាយថា “យើងកំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រង Shell អំពីផលវិបាកនៃផែនការការងារ ការសម្រេចចិត្តវិនិយោគសំខាន់ៗ និងនិរន្តរភាព”៕