យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនថាមពលដ៏ធំរបស់ប្រទេសថៃ គឺ PTT Pcl និងក្រុមហ៊ុនប្រភេទ Startup លើអាជីវកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន មានឈ្មោះថា Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ។
ភាពជាដៃគូនេះរួមមាន ការចែកចាយយានយន្តរបស់ក្រុមហ៊ុន Hozon និងការស្វែងរកឱកាសសម្រាប់ផលិតកម្ម ជាមួយនឹងរោងចក្ររបស់ PTT និង Foxconn នៅក្នុងប្រទេសថៃ។
មន្ត្រីផ្នែកថាមពលជាន់ខ្ពស់ លោក Tarath Sutabutr ដែលធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានប្រាប់សារព័ត៌មាន Reuters ថា “កិច្ចព្រមព្រៀងនេះនឹងបង្ហាញពីសមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ប្រទេសថៃ និងសមត្ថភាពក្នុងការពង្រីកទីផ្សារក្នុងតំបន់”។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលថៃ បានកាន់កាប់ភាគហ៊ុនចំនួន ៥១,១ភាគរយ នៅក្នុងក្រុមហ៊ុន PTT។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន PTT បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយ Foxconn របស់តៃវ៉ាន់ សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី កាលពីខែកញ្ញា ឆ្នាំ២០២១៕