ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងធ្លាក់ចុះនៅឆ្នាំ ២០២១ នេះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែវាអាចកើនឡើងវិញដល់ ៥ ទៅ ៦ ភាគរយនៅឆ្នាំ ២០២២ ប្រសិនបើមិនមានការផ្ទុះឡើងថ្មីទេ។
គួរឲ្យដឹងថា ជំងឺរាតត្បាតដែលបានអូសបន្លាយពេលជាយូររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធូរស្រាល ដែលនាំឱ្យមានការបន្ធូរបន្ថយការរឹតបន្តឹង និងបើកទ្វារឡើងវិញដល់ភ្ញៀវបរទេសកាន់តែច្រើន ដើម្បីចាប់ផ្តើមវិស័យទេសចរណ៍សំខាន់ៗឡើងវិញ។
ថៃ គឺជាប្រទេសដែលបានឆ្លងផុតពីគ្រោះអាក្រក់បំផុតមួយ ខណៈដែលស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុនៅតែមានស្ថិរភាព។ នេះបើយោងតាមលោក Supattanapong Punmeechaow ដែលទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសថៃ។
លោក Punmeechaow បាននិយាយថា ប្រទេសថៃកំពុងឈានទៅរកគោលដៅរបស់ខ្លួន ក្នុងអត្រាការចាក់វ៉ាក់សាំង ៧០ ភាគរយនៅចុងឆ្នាំ ខណៈពេលដែលការរក្សានិរន្តរភាពផលិតកម្ម ដើម្បីគាំទ្រការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមទៀតថា សេដ្ឋកិច្ចក៏នឹងទទួលបានការគាំទ្រពីការសន្យាវិនិយោគចំនួន ៦០០ ពាន់លានបាត (១៨ ពាន់លានដុល្លារ) ដែលរំពឹងទុកនៅឆ្នាំនេះ និងគម្រោងរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញជនបរទេសរយៈពេលវែងចំនួន ១ លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការចំណាយចំនួន ១ ពាន់លានបាត ទៀតផង៕