ក្រុមហ៊ុន Alphabet បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ថា ខ្លួនគ្រោងនឹងបើកសេវាកម្ម Google News របស់ខ្លួនឡើងវិញនៅក្នុងប្រទេសអេស្ប៉ាញ នៅដើមឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់ថ្មី ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើ។
គួរឲ្យដឹងថា Google News បានបិទក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញ បានអនុម័តច្បាប់ដែលបង្ខំឱ្យ ក្រុមហ៊ុន Alphabet និងអ្នកប្រមូលព័ត៌មានផ្សេងទៀត បង់ថ្លៃអាជ្ញាប័ណ្ណសមូហភាព ដើម្បីបោះពុម្ពឡើងវិញនូវចំណងជើង ឬព័ត៌មានខ្លីៗ។
លោក Fuencisla Clemares អ្នកគ្រប់គ្រងប្រចាំប្រទេសអេស្ប៉ាញ របស់ក្រុមហ៊ុន Google បានសរសេរនៅលើប្លុករបស់ក្រុមហ៊ុនថា “ចាប់ពីដើមឆ្នាំក្រោយនេះ Google News នឹងផ្តល់តំណភ្ជាប់ (link) ទៅកាន់ព័ត៌មានដែលមានប្រយោជន៍ និងពាក់ព័ន្ធ ជាច្រើន” ។
លោកបានបន្ថែមថា “ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងធ្វើការជាមួយអ្នកបោះពុម្ពផ្សាយ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលគ្របដណ្តប់សិទ្ធិរបស់ពួកគេក្រោមច្បាប់ថ្មី”។
គួរឱ្យដឹងដែរថា រដ្ឋាភិបាលអេស្ប៉ាញ បានអនុម័តសេចក្តីណែនាំស្តីពីការរក្សាសិទ្ធិរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យវេទិកាព័ត៌មានអនឡាញភាគីទី៣ ចរចាដោយផ្ទាល់ជាមួយអ្នកផ្តល់មាតិកា៕