យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វៀតណាម បាននាំចេញផ្លែឈើ និងបន្លែ សរុបតម្លៃ ១០៧,២៥ លានដុល្លារទៅកូរ៉េខាងត្បូង ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៣,៤៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
តម្លៃនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារនេះ សម្រេចបាន ១១,១ លានដុល្លារនៅក្នុងខែសីហា កើនឡើង ១៣,៦៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។
ក្នុងនោះផ្លែឈើវៀតណាមចំនួន ៦ ប្រភេទ ត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ី រួមមាន៖ ដូង ម្នាស់ ស្រកានាគពណ៌ស និងក្រហម ស្វាយ និងចេក។
ទោះជាយ៉ាងណា ចំនួនផ្លែឈើដែលនាំចេញទៅកូរ៉េខាងត្បូង នៅតែមានកម្រិតទាប។ បរិមាណចេកមានប្រមាណ ២ ភាគរយនៃការនាំចូលផ្លែឈើសរុប។ ទន្ទឹមនឹងនេះដែរ តួលេខរបស់ប្រទេសហ្វីលីពីន គឺប្រហែល ៧៥,៨ ភាគរយ។
បរិមាណម្នាស់របស់វៀតណាម មានចំនួនត្រឹម ០,៦២ ភាគរយ ខណៈបរិមាណនាំចូលពីប្រទេសហ្វីលីពីន មានចំនួន ៩៣ ភាគរយនៃបរិមាណសរុប។ ប្រទេសវៀតណាម កំពុងសហការជាមួយទីភ្នាក់ងារកូរ៉េខាងត្បូង ដើម្បីបើកទីផ្សារបន្ថែមទៀតសម្រាប់ផ្លែឈើផ្សេងទៀត ដូចជា ក្រូចថ្លុង ក្រូចឆ្មា មៀន សាវម៉ាវ និង គូលេន ជាដើម៕