ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយមជ្ឈមណ្ឌល Cambridge Centre for Alternative Finance របស់ចក្រភពអង់គ្លេស បានបង្ហាញថា សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាអ្នកជីករុករករ៉ែ Bitcoin ធំបំផុតនៅលើពិភពលោក។
តួលេខនេះបង្ហាញឲ្យឃើញពីផលប៉ះពាល់នៃការបង្ក្រាបការជួញដូរ និងការជីកយករ៉ែ Bitcoin ដែលបានធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋ ឬខុទ្ទកាល័យចិន កាលពីចុងខែឧសភា ដែលបានបំផ្លិចបំផ្លាញឧស្សាហកម្មនេះ និងបណ្តាលឲ្យអ្នកជីករ៉ែត្រូវឈប់ ឬផ្លាស់ទៅក្រៅប្រទេស។
ទិន្នន័យបានបង្ហាញថា ចំណែកនៃថាមពលកុំព្យូទ័ររបស់ចិន ដែលបានតភ្ជាប់ទៅបណ្តាញ Bitcoin សកល ដែលគេស្គាល់ថាជា “hash rate” បានធ្លាក់ចុះមកត្រឹមសូន្យ នៅខែកក្កដា ពី ៤៤ ភាគរយ ក្នុងខែឧសភា និង ៧៥ ភាគរយ នៅឆ្នាំ ២០១៩។
យ៉ាងណាមិញ អ្នករុករករ៉ែ Bitcoin នៅកន្លែងផ្សេងទៀត បានទទួលផលវិញ ខណៈក្រុមហ៊ុនផលិតឧបករណ៍ជីករ៉ែ Bitcoin នៅចិនជាច្រើន បានផ្លាស់ប្តូរទៅយកចិត្តទុកដាក់ នៅខាងអាមេរិកខាងជើង និងអាស៊ីកណ្តាលវិញ៕