យោងតាមសេចក្តីព្រាងចុងក្រោយ នៃផែនការមេអភិវឌ្ឍន៍ថាមពល ទី៨ (Power Development Master Plan VIII) បានឲ្យដឹងថា វៀតណាម នឹងចំណាយលុយចំនួនពី ១០ ទៅ ១១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០២១ និង ២០៣០ លើការបង្កើត និងបញ្ចូនថាមពលអគ្គិសនី។
សេចក្តីព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋាភិបាលវៀតណាម ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនាពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា ប្រទេសវៀតណាមនឹងត្រូវការប្រាក់ចំនួន ៩៩,៣២ ទៅ ១១៥,៩៦ ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ការផលិតនិងការបញ្ជូនអគ្គិសនី ក្នុងរយៈពេល ១០ ឆ្នាំនេះ។
គួរឲ្យដឹងដែរថា ជាមធ្យម ការចំណាយលុយពី ៨,៥៧ ទៅ ១០,១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងត្រូវការសម្រាប់ការផលិតថាមពល និង ពី ១,៣៦ ទៅ ១,៤៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការអភិវឌ្ន៍បណ្តាញអគ្គិសនី។
យ៉ាងណាមិញ ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីខាងលើ មានគោលបំណងលើកទឹកចិត្តការវិនិយោគលើគម្រោងកកើតឡើងវិញ។ វាមានគោលបំណងសម្រេចឲ្យបាន ពី ១១,៩ ទៅ ១៣,៤ ភាគរយនៃទិន្នផលអគ្គិសនីសរុបរបស់ខ្លួន នៅឆ្នាំ ២០៣០ ដែលត្រូវបានផលិតចេញពីថាមពលកកើតឡើងវិញ ជាពិសេសថាមពលព្រះអាទិត្យ និងខ្យល់ និងរហូតដល់ ២៦,៥ ទៅ ២៨,៤ ភាគរយ ចាប់ពីឆ្នាំ ២០៤៥៕