ធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះថា ការទូទាត់តាមឌីជីថលនៅក្នុងប្រទេសថៃ បានកើនឡើងដល់ទៅ ៤ដងឯណោះ ពីកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយសារតែរលកនៃការឆ្លងមេរោគមានរយៈពេលវែង បានបង្កើនតម្រូវការសេវាកម្មតាមអ៊ីនធឺណិត។
ការផ្ទុះឡើងចុងក្រោយនៃជំងឺកូវីដ១៩ របស់ប្រទេសថៃ បានចាប់ផ្តើមនៅក្នុងខែមេសា ដែលបណ្តាលឲ្យមានការរឹតបន្តឹងកាន់តែតឹងរ៉ឹងនៅខែកក្កដា និងសីហា។
គួរឲ្យដឹងថា ចំនួននៃប្រតិបត្តិការប្រចាំថ្ងៃដែលធ្វើឡើងតាមរយៈវេទិកា PromptPay ជាមធ្យម មានចំនួន ២៨ លានដង ដែលជាការកើនឡើងដ៏ធំមួយ បើប្រៀបធៀបពីកម្រិតមុនពេលមានជំងឺរាតត្បាត។
ទិន្នន័យរបស់ធនាគារកណ្តាលថៃបានបង្ហាញថា ប្រតិបត្តិការប្រចាំថ្ងៃជាមធ្យមកាលពីក្នុងឆ្នាំ ២០១៩ មានត្រឹមតែ ៧ លានដងប៉ុណ្ណោះ និងកើនឡើងដល់ ១៤,៥ លាន នៅឆ្នាំ ២០២០៕