ក្រុមហ៊ុន Hyundai បានប្រកាសថា ខ្លួនមានគម្រោងបើករោងចក្រផលិតអាគុយអ៊ីដ្រូហ្សែនថ្មីចំនួនពីរកន្លែងនៅប្រទេសកូរ៉េ ដើម្បីពន្លឿនកំណើនអាជីវកម្មអ៊ីដ្រូហ្សែនរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងនេះបាននិយាយនៅក្នុងពិធីបើកការដ្ឋាន នៅទីក្រុង Incheon ដែលជាកន្លែងសម្រាប់សាងសង់រោងចក្រថ្មីថា ខ្លួនកំពុងវិនិយោគលុយចំនួន ១,១ ពាន់លានដុល្លារ ចូលទៅក្នុងរោងចក្រដែលនឹងចាប់ផ្តើមផលិតអាគុយអ៊ីដ្រូហ្សែន នៅឆមាសទីពីរ នៃឆ្នាំ ២០២៣។
គួរឲ្យដឹងថា នៅពេលដែលវាបើកដំណើរការពេញលេញ ក្រុមហ៊ុន Hyundai ប៉ាន់ប្រមាណថាពួកគេនឹងអាចផលិតអាគុយអ៊ីដ្រូហ្សែនចំនួន ១០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
យ៉ាងណាមិញ រោងចក្រថ្មីនេះនឹងចូលរួមជាមួយរោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុន Hyundai នៅទីក្រុង Chungju ដែលបាន និងកំពុងផលិតអាគុយអ៊ីដ្រូហ្សែន តាំងពីឆ្នាំ ២០១៨ ប៉ុន្តែវាមានសមត្ថភាពផលិតបានត្រឹមចំនួន ២៣ ០០០គ្រឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕