យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃធ្យូងថ្មដែលប្រើនៅក្នុងរោងចក្រថាមពលរបស់ប្រទេសចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ ដោយសារតែតំបន់រ៉ែដ៏សំខាន់មួយផ្សេងទៀតរបស់ប្រទេសនេះ ត្រូវរងគ្រោះដោយសារទឹកជំនន់។
ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្ត Shanxi ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាខេត្តផលិតធ្យូងថ្មធំបំផុតរបស់ប្រទេសចិន។ គួរឲ្យដឹងថា តម្លៃធ្យូងថ្មកម្ដៅ (Thermal coal) នៅផ្សារ Zhengzhou Commodity Exchange បានកើនឡើងជាង ១០% នៅថ្ងៃអង្គារនេះ។
ជាមួយគ្នានេះដែរ ទឹកជំនន់ក៏បានធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ថយវិបត្តិថាមពលកាន់តែស៊ីជម្រៅទៀតផង។
សូមបញ្ជាក់ថា ខេត្ត Shanxi ដែលផលិតប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ធ្យូងថ្មរបស់ចិននៅឆ្នាំនេះ ត្រូវបង្ខំចិត្តបិទអណ្តូងរ៉ែរាប់សិបកន្លែងជាបណ្តោះអាសន្ន ដោយសារទឹកជំនន់៕