យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនបានហាមឃាត់ការនាំចូលសាច់គោរបស់អង់គ្លេស ដែលមានអាយុក្រោម ៣០ ខែ បន្ទាប់ពីមានករណីជំងឺគោឆ្កួត ប្រភេទ Bovine spongiform encephalopathy (BSE) ឬ mad cow disease នៅចក្រភពអង់គ្លេសកាលពីខែមុន។
ការហាមឃាត់នេះបានចូលជាធរមានចាប់ពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយចិន។
គួរឲ្យដឹងដែរថា ប្រទេសចិនមិនទាន់បានទាំងចាប់ផ្តើមទិញសាច់គោពីចក្រភពអង់គ្លេសឡើងវិញផង បន្ទាប់ពីយល់ព្រមក្នុងឆ្នាំ ២០១៨ ដើម្បីដកការរឹតត្បិតពីមុន។ ទីក្រុងប៉េកាំងបានដាក់បម្រាមក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ អំឡុងពេលមានការផ្ទុះឡើងនៃជំងឺគោឆ្កួត (BSE)។
កាលពីខែកញ្ញា ទីភ្នាក់ងារសុខភាពសត្វ និងរុក្ខជាតិរបស់ចក្រភពអង់គ្លេស (APHA) បាននិយាយថា ករណី BSE មួយ ត្រូវបានរកឃើញនៅកសិដ្ឋានមួយកន្លែង នៅតំបន់ Somerset ដែលជាហេតុធ្វើឲ្យប្រទេសចិនសម្រេចហាមឃាត់ការនាំចូលសាច់គោរបស់អង់គ្លេស សារជាថ្មីទៀតតែម្តង៕