យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda Motor របស់ជប៉ុន នឹងដាក់បង្ហាញចេញនូវម៉ាកយីហោរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសចិន នាឆ្នាំក្រោយ ហើយវានឹងចាប់ផ្តើមចេញលក់តែរថយន្តអគ្គិសនី, រថយន្តប្រើអ៊ីដ្រូហ្សែន និងរថយន្ត Hybrid ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០៣០។
ដោយត្រូវបានគេស្គាល់តាមម៉ាស៊ីនចំហេះខាងក្នុង ដែលស៊ីសាំងតិច ក្រុមហ៊ុន Honda បានលក់រថយន្តដាច់ជាង ១,៦ លានគ្រឿងនៅក្នុងប្រទេសចិន កាលពីឆ្នាំមុន។
សូមបញ្ជាក់ថា ម៉ាកយីហោថ្មីនេះនឹងត្រូវហៅថា “e: N Series” ហើយវាគ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តចំនួន ១០ ម៉ូដែលជាមួយដៃគូសហការណ៍ GAC និង Dongfeng Motor ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួនពីររបស់ Honda គឺ GAC-Honda និង Dongfeng-Honda មានគម្រោងសាងសង់រោងចក្រដំឡើងតែរថយន្តអគ្គិសនីថ្មី ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤ ទៀតផង៕