ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតកូរ៉េខាងត្បូង SK Broadband បានប្តឹងក្រុមហ៊ុន Netflix ដើម្បីសងថ្លៃដើម នៃការបង្កើនចរាចរបណ្តាញ (network traffic) និងការងារថែទាំ (maintenance) បន្ថែម ដោយសារតែការកើនឡើងនៃចំនួនអ្នកមើលរឿង Squid Game នៅលើគេហទំព័រ Netflix។
រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីតុលាការទីក្រុងសេអ៊ូល បាននិយាយថា ក្រុមហ៊ុន Netflix គួរតែផ្តល់អ្វីមួយជាការតបស្នង ដល់ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ជាថ្នូរនឹងការកើនឡើងអ្នកមើលច្រើនបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Netflix បាននិយាយថា ខ្លួននឹងពិនិត្យមើលការទាមទាររបស់ក្រុមហ៊ុន SK Broadband ហើយស្វែងរកការពិភាក្សា និងរិះរកវិធីក្នុងពេលនេះ ដើម្បីធ្វើការជាមួយ SK Broadband ដើម្បីធានាថាអតិថិជនមិនរងផលប៉ះពាល់។
គួរឲ្យដឹងថា ប្រជាប្រិយភាពនៃស៊េរីរឿង Squid Game និងការផ្តល់ជូនផ្សេងទៀត បានគូសបញ្ជាក់ពីឋានៈរបស់ក្រុមហ៊ុន Netflix ថា ជាអ្នកបង្កើតចរាចរទិន្នន័យធំជាងគេទី ២ របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពី YouTube។
សូមបញ្ជាក់ថា ចរាចរទិន្នន័យ (data traffic) របស់ក្រុមហ៊ុន Netflix ដែលគ្រប់គ្រងដោយ SK Broadband បានកើនឡើង ២៤ ដង ចាប់ពីខែឧសភា ឆ្នាំ ២០១៨ ដល់ ១,២ ទ្រីលានប៊ីត (bits) នៃទិន្នន័យដែលបានដំណើរការក្នុងមួយវិនាទី (data processed per second) គិតត្រឹមខែកញ្ញា៕