គេហទំព័រ YouTube នឹងហាមឃាត់រាល់មាតិកាទាំងអស់ ដែលមានខ្លឹមសារ “ប្រឆាំងនឹងវ៉ាក់សាំងកូវីដ១៩” ដែលចោទថា វ៉ាក់សាំងបង្កឲ្យមានផលប៉ះពាល់សុខភាពរ៉ាំរ៉ៃ ឬ ព័ត៌មានមិនត្រឹមត្រូវអំពីសារធាតុនៅក្នុងវ៉ាក់សាំង។
ជាមួយគ្នានេះដែរ YouTube ក៏ហាមឃាត់រាល់សកម្មជនប្រឆាំងការចាក់វ៉ាក់សាំងកូវីដ១៩ ដោយបិទចោលនូវទំព័រ Channel មួយចំនួនផងដែរ។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែល YouTube និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដូចជា Facebook និង Twitter ត្រូវបានគេរិះគន់ថា មិនបានបញ្ឈប់ការរីករាលដាលនៃព័ត៌មានសុខភាពមិនពិតនៅលើគេហទំព័ររបស់ពួកគេ។
បើទោះបីជា YouTube ប្រកាន់ជំហរតឹងរ៉ឹងជាងមុនអំពីព័ត៌មានមិនពិតក៏ដោយ ក៏វាប្រឈមនឹងប្រតិកម្មជុំវិញពិភពលោកដែរ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ បណ្តាញផ្សព្វផ្សាយជាភាសាអាល្លឺម៉ង់របស់រដ្ឋរុស្ស៊ី ត្រូវបានលុបចេញពីគេហទំព័រ YouTube ដោយ YouTube អះអាងថា វាបានបំពានគោលនយោបាយព័ត៌មានមិនពិតទៅលើកូវីដ១៩៕